Mi Pad 2 រចនាពណ៌ផ្កាឈូកដ៏ស្រស់ស្អាត នឹងចេញលក់ផ្លូវការថ្ងៃទី២២ ធ្នូ ២០១៥
December 22, 2015 5688 0

ថេប្លេត Mi Pad 2 របស់ក្រុមហ៊ុន Xiaomi បានដាក់លក់ចាប់តាំងពីចុងខែវិច្ឆិកាកម្លងមកម្ល៉េះ ដោយមានពណ៌មាស និងប្រាក់។ វាជាថេប្លេតដែលមានអង្គចងចាំ ១៦ GB ឬ ៦៤ GB ហើយលោកអ្នកអាចជ្រើសរើសយកប្រព័ន្ធប្រតិបត្តិការរបស់ Android ឬ Window 10 ក៏បាន។ ចំពោះ Mi Pad 2 អង្គចងចាំ ១៦ GB មានតម្លៃ ១៨៩ដុល្លារអាមេរិក នៅក្នុងវេបសាយរបស់ក្រុមហ៊ុនផ្ទាល់ ខណៈសម្រាប់ម៉ូដែល ៦៤ GB (អាចប្រើប្រាស់ Android ឬ Windows 10) មានតម្លៃ ២៦៩ដុល្លារអាមេរិក។

នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ ម៉ូដែល Mi Pad 2 ពណ៌ផ្កាឈូក នឹងត្រូវដាក់លក់លើវេបសាយផ្លូវការរបស់ Xiaomi ដែលមានលក្ខណៈសម្បត្តិដូចគ្នានឹងពណ៌ប្រាក់ និងមាសដែរ និងមានតម្លៃស្មើគ្នា។ យោងតាមប្រភព ការដាក់លក់នឹងចាប់ផ្តើមនៅវេលា ១០ព្រឹក (ក្នុងប្រទេសចិន) នេះហើយ។

Mi Pad 2 បំពាក់ដោយអេក្រង់ ៧,៩អ៊ីញ ជាមួយនឹងកម្រិតរូបភាពច្បាស់ ១៥៣៦ x ២០៤៨ ភីសែល។ ជាមួយគ្នានេះ វាមានដង់ស៊ីតេភីសែលចំនួន ៣២៤ ppi ផងដែរ។

ចំពោះស៊ីភីយូជាប្រភេទ Intel Atom x5-z8500 SoC (1.44GHz) និងមានរ៉េម ២GB ត្រូវបានបំពាក់នៅខាងក្នុង។ រីឯកាមេរ៉ាក្រោយមានទំហំ ៨មេហ្គាភីសែល ស្របពេលខាងមុខមានទំហំ ៥មេហ្គាភីសែល។ ថាមពលថ្មមានដល់ទៅ ៦១៩០មីលីអំពែឯណោះ៕