Lenovo K5 Note ដែលមានកាមេរ៉ាខាងមុខ៨MP បានប្រកាសចេញលក់ហើយ
January 26, 2016 5157 0

ប្រហែលប៉ុន្មានសប្តាហ៍បន្ទាប់ពីបញ្ចេញម៉ូដែល K4 Note ក្រុមហ៊ុន Lenovo បានធ្វើការប្រកាសនូវម៉ូដែលថ្មី នោះគឺ K5 Note។ ស្មាតហ្វូននេះ ធ្វើឡើងពីលោហៈធាតុសុទ្ធ និងត្រូវបានដំណើរការដោយប្រភេទឈិប Mediatek Helio P10 SoC ទំហំ ៦៤ bit និង GPU ប្រភេទ Mali-T860។

K5 Note មានអង់ក្រង់ Full HD ទំហំ ៥,៥អ៊ីញ អមជាមួយរ៉េម ២GB និង អង្គចងចាំ ១៦GB។ បើក្រលេកមើលកាមេរ៉ាវិញ K5 Note នេះ មានកាមេរ៉ាខាងក្រោយ ១៣មេហ្គាភីសែល ជាពិសេសខាងមុខមាន ៨មេហ្គាភីសែល ដែលជំនួយដល់ការថតសែលហ្វីឲ្យកាន់តែស្រស់ស្អាត។ វាបំពាក់ដោយថាមពលថ្ម ៣,៥០០មីលីអំពែ ដែលមានបច្ចេកវិទ្យាសាកថ្មឆាប់រហ័ស និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 Lollipop ជាមួយនឹង Vibe Ui ។

ស្មាតហ្វូននេះដែរ មានប្រវែង ១៥២ x ៧៥,៧ x (កម្រាស់) ៨,៤៩មីលីម៉ែត្រ ហើយវាអាចដាក់ស៊ីម២ ក្នុងពេលតែមួយ សេវា 4G LTE រួមជាមួយ VoLTE។ វាមកជាមួយនឹងបច្ចេកវិទ្យាស្កេនម្រាមដៃ ដែលបំពាក់នៅផ្នែកខាងក្រោយស្មាតហ្វូនមួយនេះ ដែលអាចប្រើប្រាស់សម្រាប់ការទិញទំនិញលើអនឡាញ ក៏ដូចជាការថតរូបភាពផងដែរ។

បន្ថែមពីនេះទៀត ស្មាតហ្វូនដដែល មាន Speaker ១,៥វ៉ាត់ នៅផ្នែកខាងក្រោយ និងបច្ចេកវិទ្យា Dolby Atmos Surround sound ។ ចំពោះតម្លៃនៅក្នុងប្រទេសចិន វាមានចំនួនជាង ១៦៧ដុល្លារសហរដ្ឋអាមេរិក ហើយនឹងត្រូវដាក់លក់នៅក្នុងសប្តាហ៍នេះហើយ៕