iPad Pro, ខ្មៅដៃ Apple និង Keyboard ឈ្លាសវៃ ត្រៀមចេញនៅដើមខែវិច្ឆិកា
October 06, 2015 3186 0

យោងតាមព័ត៌មានចុងក្រោយ ទាក់ទងនឹងថេប្លេកទំហំអេក្រង់ ១២,៩អ៊ីញរបស់ក្រុមហ៊ុន Apple នោះគឺ iPad Pro នឹងត្រូវដាក់លក់នៅលើទីផ្សារនៅក្នុងអំឡុងសប្តាហ៍ទីមួយនៃខែវិច្ឆិកាខាងមុខនេះហើយ។ រីឯ ខ្មៅដៃ Apple និង keyboard ឈ្លាវៃ ត្រូវបានរំពឹងថា នឹងមានលក់នៅក្នុងពេលជាមួយគ្នាផងដែរ។ របាយការណ៍នេះ ត្រូវបានលេចចេញពីប្រទេសជប៉ុន និងបានអះអាងថា មានទំនាក់ទំនងជិតស្និតជាមួយក្រុមហ៊ុនយក្ស Apple។ ថ្លេប្លេត និងគ្រឿងសម្រាប់ប្រើប្រាស់ជំនួយទាំងនេះ ត្រូវបានបង្ហាញនៅខែមុន ក្នុងពេលប្រធានក្រុមហ៊ុន លោក Tim Cook ធ្វើការលាតត្រដាងនូវ iPhone 6 និង iPhone 6s Plus ជាមួយគ្នា។

ខណៈដែលប្រភេទស្មាតហ្វូនទាំងពីរ ត្រូវចេញលក់នៅលើទីផ្សាររួចទៅហើយនោះ iPad Pro, ខ្មៅដៃ Apple និង Keyboard ឈ្លាសវៃ ទើបតែមានបង្ហាញនៅលើវេបសាយផ្លូវការរបស់ Apple ថាចេញនៅខែវិច្ឆិកាប៉ុណ្ណោះ។ ខ្មៅដៃដ៏អស្ចារ្យដែលទើបតែមានជាលើកដំបូងរបស់ Apple នេះ នឹងអាចឲ្យអ្នកប្រើប្រាស់ធ្វើការសរសេរ និងគូរ ពណ៌ចម្រុះ និងផលប្រយោជន៍ជាច្រើនទៀត។ លោកអ្នកអាចកំណត់កម្រាស់នៃខ្សែបន្ទាប់អ្នកគូរបាន ដោយគ្រាន់តែប្រើកម្លាំងសង្កត់ធ្ងន់ ឬស្រាលពេលគូរ ទៅតាមចំណង់ចំណូលចិត្ត។ ចំណែក Keyboard ឈ្លាសវៃ ប្រើសម្រាប់ជំនួយដល់ការវាយអក្សរលើ iPad Pro។ វាភ្ជាប់ទៅកាន់ថេប្លេតនេះបាន ដោយប្រព័ន្ធ អត់ខ្សែ (Wireless) ហៅថា «Smart Connector» ដែលបញ្ជូនទិន្នន័យ និងថាមពលទៅវិញទៅមករវាង iPad Pro និង Keyboard ឈ្លាសវៃ។

ប្រភេទ iPad Pro (wifi) នឹងមានតម្លៃនៅសហរដ្ឋអាមេរិកចំនួន ៧៩៩ដុល្លារ ចំពោះទំហំផ្ទុក ៣២ GB និង ៩៤៩ដុល្លារ សម្រាប់ទំហំ ១២៨ GB។ ចំណែកប្រភេទ wifi បូក Cellular (ដាក់ស៊ីម) នឹងចេញលក់តែទំហំផ្ទុក ១២៨ GB ប៉ុណ្ណោះ ដែលវាមានតម្លៃ ១០៧៩ដុល្លារអាមេរិក។ ជម្រើសនៃពណ៌ មាន ២ នោះគឺមាស ប្រាក់ និងខ្មៅ។ ទន្ទឹមនេះ ខ្មៅដៃ Apple មានតម្លៃ ៩៩ដុល្លារ ជាមួយនឹង Keyboard ឈ្លាសវៃ តម្លៃ ១៦៩ដុល្លារអាមេរិកផងដែរ៕