HP និង Movado សហការគ្នា បង្ហាញជាផ្លូវការនូវនាឡិកាឈ្លាសវៃ Bold Motion
November 17, 2015 3627 0

មួយបន្ទាប់ពីការចេញលក់នូវម៉ូដែល Chronowing មួយឆ្នាំកន្លងទៅ ក្រុមហ៊ុន HP បានសហការជាមួយក្រុមហ៊ុនផលិតនាឡិកា Movado ដើម្បីច្នៃប្រឌិតចេញជារូបរាងនាឡិកាឈ្លាសវៃរបស់ខ្លួនថ្មីមួយ។

នាឡិកា Bold Motion របស់ Movado គឺជាម៉ូដែលថ្មីដែលមានរូបរាងស្រដៀងនឹងនាឡិកាសាមញ្ញ មានមុខមូល តែវាមានភាពវៃឆ្លាតព្រោះវានឹងឲ្យអ្នកបានដឹង នៅពេលអ្នកទទួលបានសារ ការខល និងវាស់ជំហានប្រចាំថ្ងៃរបស់អ្នក។ នាឡិកានេះ មានភ្លើង LED ពណ៌ខៀវ ដែលភ្លឺឡើងពេលអ្នកទទួលបា​នសារនៅក្នុងទូរស័ព្ទដៃរបស់អ្នក ពោលគឺវាធ្វើការជាមួយស្មាតហ្វូនរបស់អ្នក ដែលកំពុងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.4 ឬ ខ្ពស់ជាងនេះ និងអាចប្រើបានជាមួយ iOS 8 ឬខ្ពស់ជាងនេះ របស់ iPhone។ ជាមួយគ្នានេះ Bold Motion ធ្វើពីដែកមិនកាន់ស្នឹម និងអាចស្ថិតនៅជម្រៅទឹក ជ្រៅបំផុត ៥០ម៉ែត្រ។

ខណៈដែលនឹងត្រូវបានចេញលក់នៅលើទីផ្សារ នាឡិកា Bold Motion មានតម្លៃ ៦៩៥ដុល្លារសហរដ្ឋអាមេរិក ហើយក្រុមហ៊ុនផ្ទាល់បាននិយាយថា នឹងដាក់លក់នៅលើអនឡាញ ក្នុងអំឡុងពេលវិស្សមកាល (ប្រហែលជាក្នុងអំឡុងខែធ្នូ)។

ក្រុមហ៊ុន Movado បានផលិតនាឡិកានេះឡើង មានលក្ខណៈប្រហាក់ប្រហែលនឹងម៉ូដែល TAG Heuer Connected របស់ក្រុមហ៊ុនផលិតនាឡិកាមួយរបស់ប្រទេសស្វីស។ គោលដៅចំបងរបស់នាឡិកា Bold Motion មិនមែនសម្រាប់អ្នកពាក់ដែលចូលចិត្តភាពឡូយឆាយទំនើបនោះទេ ផ្ទុយទៅវិញ សម្តៅលើអតិថិជនដែលចូលចិត្តនាឡិកាមានរូបរាងសាមញ្ញ តែឈ្លាសវៃ៕