មុខងារ Wi-Fi Assist របស់ iOS 9 បណ្តាលឲ្យទឹកប្រាក់ក្នុងទូរស័ព្ទ កាត់លឿន
October 27, 2015 4266 0

ក្រោយក្រុមហ៊ុន Apple បានធ្វើការចេញនូវប្រព័ន្ធប្រតិបត្តិការជំនាន់ថ្មី iOS 9 នាពេលកន្លងទៅ អ្នកប្រើប្រាស់ជាច្រើន បានជួបនឹងបញ្ហាត្រង់ការកាត់ទឹកប្រាក់ដោយពុំបានដឹងមូលហេតុ លើទិន្នន័យរបស់ Cellular ដោយសារមុខងារ Wi-Fi Assist ។

មុខងារនេះ មានតួនាទីផ្លាស់ប្តូរអ៊ីនធឺណែតរបស់លោកអ្នកទៅកាន់ Cellular ឬ 3G វិញ នៅពេល Wi-Fi របស់លោកអ្នកចុះខ្សោយ។ ឧទាហរណ៍ បើសិនលោកអ្នកកំពុងប្រើប្រាស់លើ Safari ហើយពេលនោះ Wi-Fi ស្រាប់តែដើរយឺត ធ្វើឲ្យ Webpage មិនដើរ មុខងារនេះ នឹងធ្វើការផ្លាស់ប្តូរទៅកាន់ Cellular វិញដោយស្វ័យប្រវត្តិ ដើម្បីឲ្យ Webpage បន្តដើរធម្មតាវិញ។

ដោយពុំបានប្រាប់ដល់អ្នកប្រើប្រាស់មុនការ Update នេះ Apple បានទទួលការតវ៉ាជាច្រើនអំពីការបណ្តាលឲ្យស៊ីអ៊ីនធឺណែតខ្លាំងនៅលើ iOS 9 ដោយសារតែមុខងារ Wi-Fi Assist នេះ។ ដើមឡើយក្រុមហ៊ុននេះបានគិតថា វាគ្រាន់តែស៊ីលើអ៊ីនធឺណែតតិចតួចប៉ុណ្ណោះ ប៉ុន្តែក្រោយទទួលបណ្តឹងនៅលើអនឡាញជាច្រើន Apple បានដឹងថា វាជាបញ្ហាដ៏សំខាន់មួយផងដែរ។

ដូច្នេះ ដើម្បីជៀសវាងនូវបញ្ហាខាងលើ លោកអ្នកអាចធ្វើការបិទនូវមុខងារ Wi-Fi Assist នេះ ដោយគ្រាន់តែ ចូលទៅកាន់ Settings រួចជ្រើសរើសយក Cellular បន្ទាប់មកធ្វើការអូសទៅខាងក្រោមបំផុត លោកអ្នកនឹងបានឃើញពាក្យថា Wi-Fi Assist ហើយគ្រាន់តែប្តូរវាទៅជា OFF វិញ នោះជាការស្រេច៕