LG បញ្ចេញ Laptop ស៊េរីថ្មី ដើម្បីបំបាក់ Apple
September 29, 2015 3096 0

នៅពេលថ្មីៗនេះ ក្រុមហ៊ុន​ LG បានធ្វើការប្រកាសចេញនូវ Laptop ស៊េរីថ្មីរបស់ខ្លួននៅឯសហរដ្ឋអាមេរិក ដែលមានឈ្មោះថា Gram ។ ឈ្មោះ ‘Gram’ ឬជាភាសាខ្មែរ ‘ក្រាម’ នេះ ត្រូវបានដាក់ ដោយសារវាមានទម្ងន់តិចជាងមួយគីឡូក្រាមប៉ុណ្ណោះ។

LG បានប្រកាសដាក់លក់ Gram ដែលមានទម្ងន់ ២,១៦ផោន (ប្រហែល ០,៩៨ក្រាម) ក្នុងតម្លៃ ៨៩៩ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ វាជាប្រភេទដែលស្រាលជាងផលិតផល Macbook Air ដែលមានទម្ងន់ ២,៣៨ផោនទៅទៀត ប៉ុន្តែធ្ងន់ជាងម៉ូដែល LaVie Z របស់ Lenovo ទម្ងន់ ១,៨ផោននោះទេ។

មកជាមួយនូវអេក្រង់ទំហំ ១៣អ៊ីញ និង ១៤អ៊ីញ Full HD (១៩២០ x ១០៨០) LCD IPS ដែលអាចបញ្ជាដោយដៃលើអេក្រង់បាន និងមានជម្រើស Processor ទំហំ Core i5 និង i7 សម្រាប់អ្នកដែលស្រលាញ់ប្រភេទនេះ។ LG បានអះអាងថាទៀតថា ថាមពលថ្មរបស់វា អាចធ្វើអោយ Laptop នេះធ្វើការបានរយៈពេល ៧,៥ម៉ោង (តិចជាងប្រហែល ២ម៉ោង ប្រៀបធៀបនឹង Macbook Air)។

Gram មានរន្ធ HDMI ចំនួន១, USB 3.0 ចំនួន២ និងរន្ធសម្រាប់មេម៉ូរី Micro-SD មួយ។ ​ម៉ូដែលដែលមាន Specs ធំជាងគេ​ (Core i7 5500U ២,៤ GHz និងទំហំផ្ទុក ២៥៦ GB) នឹងមានតម្លៃ ១៤០០ដុល្លារសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ចំពោះអ្នកដែលចង់បានប្រភេទដែលធ្វើការបានរហ័ស ប្រហែលជាពុំពេញចិត្តចំពោះស៊េរីនេះឡើយ ព្រោះ LG បានបំពាក់ត្រឹមតែ Chipsets ជំនាន់មុខ Intel Broadwell ប៉ុណ្ណោះ មិនមែន Skylake Chipsets នោះទេ៕